អាសយដ្ឋានអ៊ីមែលនេះត្រូវបានការពារពីបណ្ដាយន្តផ្ញើសាររំខាន ។ អ្នកត្រូវការបើកប្រើ JavaScript ដើម្បីមើលវា ។ |
លោកស្រី សំរេច មានជំនាញឯកទេសផ្តោតលើ វិវាទពាណិជ្ជកម្មទូទៅ និងវិវាទពាណិជ្ជកម្មឯកទេស រួមមានវិវាទ ធនាគារ កិច្ចសន្យាពាណិជ្ជកម្ម ការងារ ការរំលាយចូលគ្នា និងការទទួលក្រុមហ៊ុន (M&A) និងការអភិវឌ្ឍន៍អចលនទ្រព្យ។ លោកស្រីក៏មានជំនាញដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងតាមផ្លូវតុលាការផងដែរ។
លោកស្រី សំរេច បានទទួលបានសញ្ញាប័ត្រថ្នាក់អនុបណ្ឌិតផ្នែកច្បាប់ ពីសាកលវិទ្យាល័យណាហ្គូយ៉ា ប្រទេសជប៉ុន និងសញ្ញាប័ត្រថ្នាក់អនុបណ្ឌិតផ្នែកច្បាប់ពាណិជ្ជកម្ម និងសាជីវកម្មអន្តរជាតិ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅប្រទេសកម្ពុជា។
លោកស្រី បានបម្រើការជាប្រធាននាយកដ្ឋានផ្នែកនីតិកម្មសម្រាប់ធនាគារពាណិជ្ជមួយ ដែលមានតួនាទីផ្តល់ការប្រឹក្សាយោបល់ដល់គណៈគ្រប់គ្រងរបស់ធនាគារ និងបុគ្គលិកដទៃទៀត លើបញ្ហាផ្លូវច្បាប់និងការអនុលោមតាមនានា ការរៀបចំកិច្ចព្រមព្រៀងខ្ចីបរិភោគ និងកិច្ចព្រមព្រៀងប្រាតិភោគ និងត្រួតពិនិត្យលើការទូទាត់កម្ចីឥណទាននិងនីតិវិធីអនុវត្តច្បាប់នៅតុលាការកម្ពុជា។ លោកស្រី ធ្លាប់បម្រើការជា មេធាវី នៅក្នុងការិយាល័យមេធាវីនាំមុខមួយនៅក្នុងប្រទេសកម្ពុជា មុនពេលលោកស្រីធ្វើការបង្កើត ការិយាល័យមេធាវី សំរេចរតនៈ។ លោកស្រី សំរេច ក៏ធ្លាប់បម្រើការជាមន្រ្តីទទួលបន្ទុកផ្នែកច្បាប់ ក្នុងនាយកដ្ឋានសហមេធាវី នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)។ មុនពេលចូលជាសមាជិកប្រកបវិជ្ជាជិវៈក្នុង គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា លោកស្រីធ្លាប់បានបម្រើការជាអ្នកពិគ្រោះយោបល់ផ្នែកច្បាប់ និងជាមន្រ្តីច្បាប់ក្នុងអង្គការអន្តរជាតិនានារួមទាំង អង្គការសហប្រជាជាតិទទួលបន្ទុកការអភិវឌ្ឍន៍ (UNDP) និង UNICEF ក្នុងគម្រោងកិច្ចការច្បាប់និងយុត្តិធម៌ ដើម្បីគាំទ្រដល់ក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១២។
លោកស្រី សំរេច អាចនិយាយភាសាអង់គ្លេស និងភាសាខ្មែរ យ៉ាងស្ទាត់ជំនាញ ហើយក៏អាចនិយាយជាភាសាជប៉ុន និងភាសាបារាំងបានផងដែរ។